អន្តរជាតិ
ចិន គួរ​ព្រួយបារម្ភ​ចំពោះ​ការកើនឡើង​វត្តមាន​ទ័ព​អាមេរិក​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង​?
13, Jan 2016 , 4:59 pm        
រូបភាព
ដោយ:
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​ក្លាយជា​ក្តីបារម្ភ​មួយ​នៅក្នុង​តំបន់​ដែល​កំពុង​វិ​វត្ត​ទៅរក​ស្ថានភាព​មួយ​កាន់តែ​ធ្ងន់ធ្ងរ​។ ជាពិសេស​នោះ បញ្ហា​ជម្លោះ​នេះ មិន​ត្រឹមតែ​ក្លាយជា​គោលនយោបាយ​ការបរទេស​លើ​វិស័យ​យោធា​មួយ​ដ៏​ស្មុគស្មាញ​សម្រាប់​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ​ដូចជា​អាស៊ាន​នោះទេ តែ​វា​បានក្លាយ​ឈ្នាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​សម្រាប់​រដ្ឋ​ខាងក្រៅ​ដើម្បី​លូកដៃ​ចូល និង​បញ្ជ្រៀប​ឥទ្ធិពល​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ តាម​ស្ថានភាព​ជាក់ស្តែង​នោះ គឺ​អាមេរិក កំពុងតែ​យក​បញ្ហា​នេះ ធ្វើជា​គោលនយោបាយ​ការបរទេស​ដើម្បី​ប្រឆាំង​ចិន​ដែល​កំពុងតែបន្ត​គោលនយោបាយ​វាតទី​និយម​ក្នុង​តំបន់​ជម្លោះ​។​



​អវត្តមាន​នៃ​ដំណោះស្រាយ​រួមគ្នា​នៃ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​រុញច្រាន​ឲ្យ​ជម្លោះ កាន់តែ​ឡើងក​ម្តៅ​។ ភាគី​ជម្លោះ មានដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។  អ្វី​ជា​ក្តីបារម្ភ​ធំ​បំផុត​នោះ​គឺ ជម្លោះ​ដែន​អធិបតេយ្យ នឹង​ប្រែ​ក្លាយទៅជា​ការប្រឈមមុខ​ផ្នែក​យោធា និង​ការប្រកួតប្រជែង​សព្វាវុធ​។ នេះ មិនមែន​ជាការ​ការប្រឈមមុខ​គ្នា​រវាង រដ្ឋ​អាស៊ាន និង​ចិន​ដែល​ភាគី​នៃ​ជម្លោះ​នោះទេ តែ​គឺជា​ការប្រឈមមុខ​រវាង​អាមេរិក​រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត ជាមួយនឹង​ចិន​។ តើ​ចិន គួរ​ព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នៃ​វត្តមាន​ទ័ព​អាមេរិក​មកកាន់​តំបន់​ជម្លោះ​ឬទេ​?

​ក្រោម​អំណះអំណាង​ប្រ​វ​តិ្ត​សាស្ត្រ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដែល​បាន បំពាន​ទៅនឹង​តំបន់​មួយចំនួន​ដែល​រដ្ឋ​អាស៊ាន​បានទាមទារ​តាមផ្លូវ​ច្បាប់​។ លើសពីនេះទៅទៀត ចិន​បាន​ថែមទាំង​ចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ ដែល​ក្រុង​ប៉េកាំង​អះអាង​ជា​តម្រូវការ​ស៊ីវិល ខណៈ​ក្រុង​វ៉ា​ស៊ិន​តោន ចោទថា​នឹង​ក្លាយជា​មូលដ្ឋាន​យោធា​របស់​ចិន​ដ៏​សំខាន់​។

១. កងទ័ព​អាមេរិក អាចឈរជើង​នៅ​តំបន់​ជម្លោះ​ដោយ​ស្របច្បាប់​តាមរយៈ​សម្ព័ន្ធមិត្ត តែ​មិន​ប៉ះពាល់​ឥទ្ធិពល​ចិន​ទេ​
​កាលពី​ចុងឆ្នាំ​២០១៥ កន្លងទៅ អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់ តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជាការ​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដែនសមុទ្រ និង​ការហោះហើរ​។ សកម្មភាព​នេះ អាមេរិក អះអាងថា​ធ្វើ​ក្រោម​ក្របខណ្ឌ​អន្តរជាតិ ខណៈ​ចិន ដែលជា ភាគី​នៃ​ជម្លោះ ចោទថា​អាមេរិក បាន​បំពាន​ទៅនឹង​អធិបតេយ្យ​។ ហើយ​កាលពី​ថ្ងៃទី​១២ ខែមករា ម្សិលមិញ​តុលាការ​កំពូល​ហ្វីលីពីន បានប្រកាស​ពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិ​ការពង្រឹង​ការពារជាតិ​រវាង​អាមេរិក​និង​ហ្វីលីពីន​។ កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​លទ្ធភាព​ស្របច្បាប់​សម្រាប់​អាមេរិក ក្នុងការ​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​។ ក៏​អាច​មានន័យ​ដែលថា អាមេរិក អាច​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ដើម្បី​ការពារ ឬ​ចូលមក​តំបន់​ក្បែរ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ស្របច្បាប់​ដើម្បី​ប្រឆាំង​ចិន​។​ហើយ អាមេរិក នឹង​អាច​សហការ​ជាមួយនឹង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​នៅក្នុង​តំបន់​រួមមាន​វៀតណាម សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​ជាដើម​។​

​បើទោះបីជា​អាមេរិក អាច​ទទួលបាន​ភាពស្រប​ច្បាប់​ក្នុងការ​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​តំបន់​ក្បែរ តំបន់​ជម្លោះ​ក៏ដោយ កងទ័ព​អាមេរិក ក៏​មិន​បញ្ជូនមក​ច្រើន ឬ​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ចិន​បានដែរ​។ នោះ ក៏​ព្រោះតែ កងទ័ព​អាមេរិក ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ប្រតិបត្តិការ​សន្តិសុខ និង​សន្តិភាព​ជាច្រើន​តំបន់ ដែល​រួមមាន នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ហើយ​អាមេរិក ក៏​មិនអាច​ចាត់វិធានការ​ខ្លាំង​ប្រឆាំង​ចិន​បានដែរ ដ្បិត​កងទ័ព​អាមេរិក បច្ចុប្បន្ន ក៏​កំពុងតែ​ប្រឈមមុខ ជាមួយនឹង​កូរ៉េខាងជើង ដែល​កំពុង​គំរាមកំហែង​សន្តិភាព​ពិភពលោក​តាមរយៈ​ការសាកល្បង​អាវុធ នុយក្លេអ៊ែរ​ជាច្រើនលើក​ច្រើនសារ​ផងដែរ​នោះ​។

២. ចិន បាន​ត្រៀមខ្លួន​រូ​ច​ទៅហើយ​ក្នុងការ​ការពារ​ដែន​អធិបតេយ្យ​
​បើទោះបីជា សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​រដ្ឋ​ពាក់ព័ន្ធ និង​រដ្ឋ​មិន​ពាក់ព័ន្ធ​មើល ឃើញថា​បាន​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ និង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​ក៏ដោយ ចិន​នៅតែ​ចាត់ ទុក​ថា​សកម្មភាព​រប​ស់​ខ្លួន​ត្រឹមត្រូវ និង​ជា​សិទ្ធិ​អធិបតេយ្យ​។ បើ​ងា​កមក​ចាប់អារម្មណ៍​ផ្នែក​យោធា​ចិន វិញ សកម្មភាព​អាមេរិក​ចុងក្រោយ​នេះ មិនអាច​ធ្វើ​ឲ្យ​ចិន មានការ​ភ័យខ្លាច និង​បញ្ឈប់​សកម្មភាព របស់ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​នោះទេ ពោលគឺ​ចិន បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ក្នុងការ​ការពារ​ទឹកដី របស់ខ្លួន​។ ជាក់ស្តែង​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ចិន​បាន​កែទម្រង់​ប្រព័ន្ធ​យោធា​រួមទាំង​ការកាត់ទោស​មេដឹកនាំ​យោធា​ពុករលួយ និង​បង្កើន​ថវិកា​ដើម្បី​ពង្រឹង​វិស័យ​យោធា​។ ហើយ​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​ផ្នត់គំនិត​របស់​មេដឹកនាំ​ចិន ការការពារ​ដែន​អធិបតេយ្យ​គឺជា​កិច្ចការ ដ៏​សំខាន់បំផុត​ដែល​ត្រូវធ្វើ​។ ជាពិសេស រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​អះអាង​ដែលថា ចិន នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ដើម្បី​ការពារ​ទឹកដី​ជាពិសេស​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​សមុទ្រ​ខាងកើត​ជាមួយនឹង​ជប៉ុន​៕ 


Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com